សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដឹកនាំសិស្សថ្នាក់ទី១១ ចូលរួមដំណើរទស្សនកិច្ចសិក្សាលើកទី២០៩ ទៅកាន់រមណីយដ្ឋានភ្នំជីសូរ ស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានសិស្សចូលរួមសរុបចំនួន ៣៩៣នាក់។
ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយអត្ថន័យ លោក អ៊ិន ដារ៉ា ប្រធានគ្រូភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់សិស្សានុសិស្សក្នុងការពង្រីកចំណេះដឹងក្រៅថ្នាក់រៀន។ ជាក់ស្តែង សិស្សអាចយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍សំខាន់ៗនៃប្រទេសកម្ពុជា ព្រមទាំងភ្ជាប់ទ្រឹស្តីជាមួយទិដ្ឋភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ប្រាសាទភ្នំជីសូរ។ លើសពីនេះ សិស្សក៏បានសិក្សាពីលក្ខណៈភូមិសាស្ត្រ និងសណ្ឋានដីនៅតាមបណ្តាខេត្តកណ្តាល និងខេត្តតាកែវផងដែរ។
លោកបានបន្ថែមថា ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱ្យសិស្សនូវបទពិសោធជាក់ស្តែងជាច្រើន ដូចជា ការរឹតចំណងមិត្តភាព និងសាមគ្គីភាព ការកែលម្អភាពក្លាហាន និងជំនាញទំនាក់ទំនងក្នុងក្រុម។ ព្រមទាំងជួយអភិវឌ្ឍសមត្ថភាពក្នុងការសហការ ការដឹកនាំ ឯករាជ្យភាព និងភាពម្ចាស់ការ។ ជាពិសេស សិស្សបានទទួលចំណេះដឹងបន្ថែមអំពីវប្បធម៌ សាសនា សិល្បៈ ទេសចរណ៍ ធម្មជាតិ និងប្រវត្តិសាស្ត្រខ្មែរ។
ជាមួយគ្នានេះ សិស្សក៏បានយល់ដឹងពីជីវភាពរស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាកសិករនៅតាមជនបទ ព្រមទាំងបានគយគន់ទេសភាពស្រស់ស្អាតនៃភូមិឋាន ស្រែចម្ការ និងច្បារដំណាំ ដែលលាតសន្ធឹងតាមដងផ្លូវក្នុងខេត្តកណ្តាល និងជុំវិញតំបន់ភ្នំជីសូរ ក្នុងខេត្តតាកែវ។
តាមការរំពឹងទុកពីបទពិសោធកន្លងមក ដំណើរទស្សនកិច្ចសិក្សាលើកនេះ ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់សិស្ស ក្នុងការលើកកម្ពស់ចំណេះដឹង ការចែករំលែក វប្បធម៌នៃការជួយគ្នា និងការអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ ទាំងផ្នែកបុគ្គលិកលក្ខណៈ និងជំនាញសង្គម៕