សិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមដំណើរទស្សនកិច្ចសិក្សា ទៅកាន់ ប្រាសាទនគរបាជ័យ ដែលស្ថិតនៅក្នុង ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមការដឹកនាំ និងរៀបចំយ៉ាងម៉ត់ចត់ពីសាលា។ ដំណើរទស្សនកិច្ចនេះបានផ្តល់ឱ្យសិស្សានុសិស្សនូវបទពិសោធសិក្សាផ្ទាល់ ពីទីកន្លែងប្រវត្តិសាស្ត្រពិត និងជួយពង្រឹងការយល់ដឹងឱ្យកាន់តែច្បាស់ជាងមុន។
ក្នុងឱកាសនោះ លោក អ៊ី ប៊ុនលី ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សបានសិក្សាឈ្វេងយល់ជាក់ស្តែងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងតម្លៃវប្បធម៌ដ៏សម្បូរបែបរបស់ប្រាសាទបុរាណខ្មែរ រួមទាំងរឿងព្រេងទាក់ទងទៅនឹងប្រាសាទនគរជ័យផងដែរ។
តាមរយៈកម្មវិធីនេះ សិស្សបានសិក្សាអំពីប្រវត្តិនៃការកសាងប្រាសាទ រចនាបថស្ថាបត្យកម្មបុរាណ និងអរិយធម៌ខ្មែរ ដែលជាមូលដ្ឋានសំខាន់ក្នុងការបង្កើនការយល់ដឹងផ្នែក ប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ។ លើសពីនេះ សិស្សក៏បានអនុវត្តការសិក្សាក្រៅថ្នាក់ ដោយភ្ជាប់ទ្រឹស្តីជាមួយបទពិសោធជាក់ស្តែង ដែលជួយឱ្យការសិក្សាមានប្រសិទ្ធភាព និងចងចាំបានយូរ។
មិនត្រឹមតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះក៏បានលើកកម្ពស់ជំនាញទំនាក់ទំនង ការងារជាក្រុម និងការសង្កេតវិភាគរបស់សិស្ស តាមរយៈសកម្មភាពសិក្សាផ្សេងៗនៅទីតាំងផ្ទាល់។ សិស្សានុសិស្សបានបង្ហាញពីការចូលរួមយ៉ាងសកម្ម ការសួរសំណួរ និងការចែករំលែកចំណេះដឹងជាមួយមិត្តភក្តិ និងគ្រូបង្រៀន។
សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការអប់រំដែលភ្ជាប់ទ្រឹស្តី និងអនុវត្តន៍ជាក់
ស្តែង ដើម្បីអភិវឌ្ឍន៍សមត្ថភាពសិស្សឱ្យមានគុណភាពគ្រប់ផ្នែក និងត្រៀមខ្លួនជាសិស្សសម័យថ្មី ដែលមានទាំងចំណេះដឹង គុណភាព និងជំនាញសម្រាប់អនាគត៕