ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី២១២ ពង្រឹងចំណេះដឹង និងបទពិសោធជាក់ស្តែងសម្រាប់សិស្សថ្នាក់ទី៩

បានផ្សាយចេញ | ២០ មិថុនា ២០២៦ 279

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី២១២ ពង្រឹងចំណេះដឹង និងបទពិសោធជាក់ស្តែងសម្រាប់សិស្សថ្នាក់ទី៩

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាលើកទី២១២ សម្រាប់សិស្សថ្នាក់ទី៩ ទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងបន្តទៅទស្សនកិច្ចសិក្សានៅរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងខេត្តកណ្តាល ដោយមានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។

លោកស្រី ប៉ែន មាលតី ចាងហ្វាងធម្យមសិក្សាបឋមភូមិ និងទុតិយភូមិ នៃការិយាល័យសិក្សា សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសំខាន់ក្នុងការឱ្យសិស្សបានស្គាល់ទីតាំងប្រវត្តិសាស្រ្ត ពង្រីកចំណេះដឹងទូទៅពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងបណ្តុះស្មារតីចែករំលែកទឹកចិត្តសប្បុរសធម៌តាមរយៈការចែកអំណោយ និងរឹតចំណងសាមគ្គីភាពរវាងសិស្សនិងសិស្ស។

លោកស្រីបន្ថែមថា មូលហេតុដែលសាលាជ្រើសរើសវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ និងភ្នំព្រះរាជទ្រព្យ ជាទិសដៅសិក្សា គឺដោយសារទីតាំងទាំងនេះមានភាពជិតស្និទ្ធនឹងរាជធានីភ្នំពេញ ងាយស្រួលធ្វើដំណើរទៅមកក្នុងថ្ងៃតែមួយ ជាទីតាំងមានតម្លៃប្រវត្តិសាស្រ្តស្របតាមកម្មវិធីសិក្សាបច្ចុប្បន្ន ហើយក៏អនុញ្ញាតឱ្យសិស្សទទួលបានបទពិសោធទស្សនាធម្មជាតិតាមដងផ្លូវផងដែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សបានចូលរួមសកម្មភាពជាច្រើន ដូចជា ការចែកអំណោយសប្បុរសធម៌នៅសាលាបឋមសិក្សា ការស្គាល់មិត្តភក្កិថ្មីៗពីគ្រប់សាខា ការលេងល្បែងប្រជាប្រិយខ្មែរ និងការឆ្លើយតបនឹងកម្រងសំណួរដែលបានរៀបចំដោយលោកគ្រូ អ្នកគ្រូ ដើម្បីវាស់វែងការយល់ដឹងរបស់សិស្ស។

តាមរយៈការសិក្សានៅទីតាំងជាក់ស្តែង សិស្សបានទទួលបទពិសោធថ្មីៗជាច្រើន រួមមាន ការសិក្សាពីទីតាំងប្រវត្តិសាស្រ្តដោយផ្ទាល់ ការរស់នៅជាក្រុមធំក្នុងបរិយាកាសថ្មី ការស្រូបយកខ្យល់អាកាសបរិសុទ្ធលើភ្នំ ការសាកល្បងរសជាតិអាហារបែបខ្មែរ និងការអភិវឌ្ឍសមត្ថភាពក្នុងការជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពផ្សេងៗ។

លោកស្រី ប៉ែន មាលតី ក៏បានបញ្ជាក់បន្ថែមថា ការសិក្សាក្រៅថ្នាក់បែបនេះ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពសិស្ស ដោយជួយបង្កើនការយល់ដឹងតាមបែបស្រាវជ្រាវ ពង្រីកចំណេះដឹងលើមេរៀនប្រវត្តិសាស្រ្ត បង្កើនចំណាប់អារម្មណ៍ក្នុងការចូលរួមថែរក្សា និងផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្រ្តជាតិ ព្រមទាំងឱ្យសិស្សយល់ដឹងពីជីវភាពរស់នៅរបស់ប្រជាជនតាមបណ្តាខេត្ត និងអភិវឌ្ឍន៍ជំនាញក្នុងការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។

កម្មវិធីដំណើរទស្សនកិច្ចសិក្សា គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងការបញ្ចូលបទពិសោធជាក់ស្តែងជាមួយការសិក្សាទ្រឹស្តី ដើម្បីបណ្តុះសិស្សឱ្យក្លាយជាបុគ្គលដែលមានចំណេះដឹងទូលំទូលាយ សមត្ថភាពពេញលេញ និងមានទំនួលខុសត្រូវចំពោះសង្គម៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Chiso Trip.jpg

ពង្រីកការសិក្សាក្រៅថ្នាក់! សិស្សថ្នាក់ទី១១ AIS ទៅទស្សនក...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Trip G6.jpg

សិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមដំ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Ms Nimol.jpg

កន្លែងកម្សាន្ដដែលមានទេសភាពស្អាតបំផុតនៅរដូវវស្សា

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Grad 5 Trip.jpg

ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ទី៥ ទៅកាន់សួនសត្វភ្...